![]() |
MENU
|

ខេត្តមណ្ឌលគិរី៖ យោងតាមអង្គការអាដហុកប្រចាំខេត្តមណ្ឌលគីរីបានបញ្ជាក់ថារឿងហួសចិត្តមួយកើតឡើងនៅភូមិឡៅការសង្កាត់សុខដុម ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ដោយសារតែការខ្ចីលុយម្តង៥០ម៉ឺនរៀលបន្តបន្ទាប់រហូតដល់កើនដល់ចំនួន២៣០០ដុល្លារដោយយកការប្រាក់លើសពីច្បាប់កំណត់គឺ១លោនរៀលយកការប្រាក់រហូតដល់៣៧៥,០០០រៀលឯកណោះក្នុងមួយខែ។ ធ្វើឲ្យកូនបំណុលរកប្រាក់សងពុំបានក៏គិតការប្រាក់ទៅជាដើមតែម្តង។
លោកខ្វើងខតភេទប្រុសជនជាតិព្នងនិងប្រពន្ធឈ្មោះអ៊ុនសុភាស់អាយុ២៦ឆ្នាំជនជាតិព្នង បាននាំគ្នាមកប្តឹងសមាគមអាដហុកឲ្យជួយអន្តរាគមន៍ដោយសារតែភាគីម្ចាស់បំណុលមានឈ្មោះភុនណារី ហៅយាយរីឈ្មោះផ្លឹកផល្លីភេទប្រុសជាប្តី,ឈ្មោះថាតភេទប្រុស(កូនប្រសារ) និងបក្សពួកបាននាំគ្នាកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៦កន្លងទៅចុះរុះរើសផ្ទះនិងសម្ភារៈផ្សេងៗប្រមូលយកទៅគ្មានសល់អ្វីឡើយ។
រឿងនេះភាគីប្តីប្រពន្ធបានរៀបរាប់ថានៅថ្ងៃទី១៣ខែកក្កដាឆ្នាំ២០១៦យើងខ្ញុំទាំងពីរនាក់ប្តីប្រពន្ធកូនៗបានសួរសុខទុកបងប្អូននៅឯខេត្តបន្ទាយមានជ័យ(ប៉ោយប៉ែត) និងម្យ៉ាងមានគោលបំណងខ្ចីលុយពួកគាត់ខ្លះដើម្បីសងគេ ប៉ុន្តែនៅពេលទៅដល់ស្រាប់តែសាច់ញាតិនោះស្លាប់ ក៏នៅធ្វើបុណ្យជាមួយបងប្អូននៅទីនោះតែម្តងធ្វើឲ្យខនខានខ្ចីលុយ។
លុះរហូតដល់ថ្ងៃទី២១ខែ កក្កដា ឆ្នាំ ២០១៦ ក៏ត្រឡប់មកផ្ទះវិញពេលមកដល់ផ្ទះក៏ស្រាប់តែពុំឃើញផ្ទះ សម្ភារៈអ្វីឡើយគឺឃើញតែជណ្តើរ និងកំណល់បន្តិចបន្ទួចតែប៉ុណ្ណោះ! ក្រោយមកក៏សួរបងប្អូននៅក្បែរនោះទើបដឹងថាឈ្មោះភុនណារីហៅយាយរី,ឈ្មោះ ផ្លឹក ផល្លី ភេទប្រុស (ប្តី) ,ឈ្មោះ ថាត ភេទប្រុស (កូនប្រសារ) និងបក្សពួក នាំគ្នាមករុះរើសផ្ទះ និងសម្ភារៈទាំងអស់ដឹកយកទៅគ្មានសល់ព្រមទាំងបំផ្លិចបំផ្លាញរបស់របរគ្មានសល់ដោយពុំមានសមត្ថកិច្ចណាម្នាក់ចូលរួមនោះឡើយ ដោយពួកគេសំអាងថា ជាម្ចាស់បំណុល ទើបហ៊ានធ្វើសកម្មភាពនេះ នរណាក៏ពុំអាចហាមឃាត់ពួកគេបានឡើយ។
ដោយកន្លងមកឈ្មោះ ភុមណារីហៅយាយរី ជាម្ចាស់បំណុលបានបង្ខំយើង ខ្ញុំឲ្យផ្តិតស្នាមមេដៃស្តាំដើម្បីប្រគល់ដី និងផ្ទះទៅឲ្យគាត់ថែមទៀតផង ព្រោះតែយល់ថាយើងខ្ញុំជំពាក់លុយ គាត់ ហើយគិតថាគ្មានលុយសង ប៉ុន្តែយើងខ្ញុំមិនព្រមផ្តិត។ ក្រោយពីកើតហេតុប្តីប្រពន្ធខាងលើបានប្តឹងទៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យដើម្បីចាត់ការករណីចុះរុះរើសយកទ្រព្យសម្បតិ្តអ្នកដ៏ទៃដោយខុសច្បាប់ ហើយមកដល់ព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦ នេះ ខាងស្នងការបានកោះហៅដើម្បីបណ្តឹងឲ្យចូលឆ្លើយបំភ្លឺផងដែរ ប៉ុន្តែមិនទាន់ដឹងថាដោះស្រាយបានយ៉ាងណានៅឡើយទេ។
ស្រ្តីឈ្មោះអ៊ុនសុភាន់បាននិយាយថាគាត់ខ្ចីលុយរបស់ឈ្មោះភុនណារីមែនម្តង១លានចំនួន២ទី៣ដងតែមិនចាំពេលវេលានិងគ្មានលិខិតពីម្ចាស់លុយ(ម្ចាស់បំណុលទេ)។ក្នុងខែមិថុនាគាត់បានសងការប្រាក់ចំនួន៣៧៥០០០រៀលម្តងដែរ។ក្រោយមកម្ចាស់បំណុលបានទួទាត់លុយឃើញថាគាត់បានជំពាក់លុយគេ២៣០០ដុល្លារ ។គាត់ថាសុខចិត្តសងតែម្ចាស់បំណុលបែរជាមករុះយកផ្ទះរបស់គាត់យកទៅអស់ពេលដែលគាត់បានទៅខ្ចីលុយបងមកសង។
ស្រ្តីបាត់បង់ផ្ទះសម្បែងរូបនេះបាននិយាយថាគាត់បានមកដាក់ពាក្យប្តឹងនៅអង្គការអាដហុកខេត្តមណ្ឌលគីរីដើម្បីសុំអន្តរាគមន៍ទាមទារសំណង១ម៉ឺដុល្លារពីម្ចាស់បំណុលដែលបានមករុះផ្ទះរបស់គាត់មិនមានការយល់ព្រមបើទោះបីជាគាត់សុខចិត្តសងលុយជំពាក់ក៍ដោយវាដូចជាចោរមកលួចរុះផ្ទះគាត់ដែលទៅរកលុយពីបងមកសងតែទៅដល់បងស្លាប់ក៍នៅធ្វើបុណ្យបងសិនមកដល់ផ្ទះត្រូវគេរុះអស់។


