![]() |
MENU
|
រាជធានីភ្នំពេញ៖ គណបក្សសង្រ្គោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថាការហែក្បួនឃោសនាថ្ងៃបញ្ចប់យុទ្ធនាការបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី២ខែមិថុនាឆ្នាំ២០១៧ស្អែកមានអ្នកចូលរួមចំនួន៧ម៉ឺននៅក្នុងទីក្រុងភ្នំពេញដឹកនាំដោយឯកឧត្តមកឹម សុខាប្រធានគណបក្សពេលរសៀល។ចំណែកគណបក្សប្រជាជនកម្ពុជាវិញបានអះអាងថាការហែក្បួនចុងបញ្ចប់នឹងមានអ្នកចូលរួមប្រមាណ១៥ម៉ឺនដឹកនាំដោយសម្តេចហ៊ុនសែនប្រធានបក្ស។
លោកហង្ស ពុទ្ធាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងប្រាប់អ្នកសារព័ត៌មានថាគណបក្សប្រជាជនកម្ពុជាបានដាក់ពាក្យសូមអាជ្ញាធរនិងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្រុងភ្នំពេញថានឹងមានការហែក្បួនមានអ្នកចូលរួម១៥ម៉ឺននាក់និងគណបក្សសង្រ្គោះជាតិបានសូមហែថ្ងៃទី២ខែមិថុនាដែរមានអ្នកចូល៧ម៉ឺននាក់។
លោកហង្សពុទ្ធាបានលើកឡើងថាគណបក្សធំទាំងពីរហែក្បួនឃោសនាធំនៅថ្ងៃបញ្ចប់មានពេលវេលាខុសគ្នាដោយគណបក្សប្រជាជនកម្ពុជាហែពេលព្រឹកនិងគណបក្សសង្រ្គោះជាតិហែពេលរសៀលបើមិនដូច្នេះទេអាចប៉ះទង្គិចគ្នានិងមានភាពស្ទះចរាចរណ៍ព្រោះអ្នកចូលរួមមានច្រើនរាប់ម៉ឺនអ្នក។
ឯកឧត្តមកឹមសុខាបានសរសេរលើកបណ្តាញសង្គមហ្វេសប៊ុកថា៖ក្នុងដំណើរយុទ្ធនាការឃោសនាបោះឆ្នោត នៅតំបន់ភូមិភាគឦសាន(មណ្ឌលគិរី រតនគិរី ស្ទឹង ត្រែង ក្រចេះ) ជាតំបន់សម្បូរទៅដោយធនធានធម្មជាតិខ្មែរ ខ្ញុំហាក់បីដូចជា មានការងាយ ស្រួលក្នុងការឃោសនា ព្រោះប្រជាពលរដ្ឋនៅទីនោះ លោកបានឃើញ បានដឹង បានឮ ផ្ទាល់ ហើយ ពីបញ្ហា បាត់បង់ធនធានធម្មជាតិ នៅក្នុងមូលដ្ឋានរបស់គាត់។
ឯកឧត្តមបញ្ជាក់ថា៖គាត់បានបញ្ជាក់ប្រាប់ខ្ញុំថា “បើមិនដូរ មានតែទុកឲ្យគេបំផ្លាញធនធានធម្មជាតិ របស់គាត់ត ទៅទៀត ហើយដូរមកបោះឲ្យសង្គ្រោះជាតិ ព្រោះពួកគាត់សង្ឃឹមថា មានតែសង្គ្រោះជាតិទេ ដែលមានកម្លាំងគ្រប់គ្រាន់ អាចការពារផលប្រយោជន៍ពួកគាត់បាន នៅពេលឈ្នះឆ្នោត”។
តាមការបញ្ជាក់របស់គណបក្សសង្រ្គោះជាតិបានលើកឡើងថាការជួបជមគ្នានៅវេលាម៉ោង៧ព្រឹកនៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វាដោយមានការប្រគុំដន្រ្តីនិងនៅពេលរសៀលចាប់ផ្តើមហែចេញតាមគោលដៅកំណត់ដឹកនាំដោយឯកឧត្តមកឹម សុខាប្រធានគណបក្ស។
ចំណែកគណបក្សប្រជាជនកម្ពុជាវិញបានប្រកាសថាក្បួននឹងត្រូវជួបជុំគ្នានៅផ្លូវ៦០ម៉ែត្រក្នុងសង្កាត់ចាក់អង្រែក្រោមទីដែលសម្តេចតេជោហ៊ុនសែនគ្រោងជួបអ្នកគាំទ្រនៅទីនោះមុនចេញដើរ។តាមការគ្រោងទុកក្បួនមានប្រវែងប្រមាណ៣គីឡួម៉ែត្រចេញតាមផ្លូវព្រះមុន្នីវង្សទៅតាមចំណុចផ្សេងៗនិងបញ្ចប់នៅរវង់មូលចោមចៅ។
សម្តេចតេជោហ៊ុនសែនសូមបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសជ្រាបថា ការបោះឆ្នោតនៅថ្ងៃទី ៤ មិថុនា ខាងមុខនេះ គឺជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ មិនមែនជាការបោះឆ្នោតថ្នាក់ជាតិទេ។ សូមបង ប្អូនកុំយល់ច្រឡំ។
តាមការសង្កេតគណបក្សនយោបាយខ្លះមិនទាន់ហ៊ានបង្ហាញមុខបេក្ខជនឈរឈ្មោះអោយប្រជាជនបាន ស្គាល់នៅឡើយ ហើយបេក្ខជនរបស់គណបក្សនយោបាយ ខ្លះក៏បានបោះបង់ ចោល បក្សទៅចូល រួមជាមួយបក្សនយោបាយផ្សេងរួចទៅហើយ។បើបងប្អូនមិនស្គាល់បេក្ខជនឈរឈ្មោះ តើបងប្អូនបោះឆ្នោតជូនរបៀបណា? ព្រោះអ្នកទាំង នេះត្រូវនៅ ជាមួយបងប្អូនរយះពេល៥ឆ្នាំប្រសិនគេជាប់ឆ្នោត។
សម្តេចបានសរសេរលើបណ្តាញសង្គមហ្វេសយើងសង្ឃឹមថាគណបក្សនយោបាយទាំងអស់នឹងបង្ហាញមុខបេក្ខជនឈរឈ្មោះ អោយប្រជាជនបានស្គាល់ ដើម្បីងាយស្រួលដល់ការសម្រេចចិត្តរបស់ប្រជាជនក្នុងការបោះឆ្នោតជូន។
គណបក្សប្រជាជនកម្ពុជា បានបង្ហាញមុខបេក្ខជនបេក្ខនារី តាំងពីថ្ងៃបើកយុទ្ធនាការ ឃោសនា បោះឆ្នោត មកម្ល៉េះ។សង្ឃឹមថាបេក្ខជនបេក្ខនារី របស់គណបក្សប្រជាជនកម្ពុជានឹង ទទួលបាន នូវការបោះឆ្នោតគាំទ្រពីប្រជាជនដែលជាម្ចាស់ឆ្នោតមិនខាន៕