រាជធានីភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥កង់បានរងការខូចខាត ដោយសារតែបុរសស្រវឹងម្នាក់បើក រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនបោះពួយក្នុងល្បឿនលឿនរេចង្កូតបុកផ្ទប់ពេញទំហឹង កាលពីវេលាម៉ោង១២នឹង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខខារ៉ាអូខេ គីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
សាក្សីដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា គឺដំបូងគេបានឃើញរថយន្តកាមេរីបាឡែន ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1AE-2371 បើកតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ហើយម្ចាស់ទំនងជាស្រវឹងស្រាផងនោះ ពេលមកដល់ចំណុចកើតហេតុបានរេចង្កូតបុកផ្ទប់របាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលអោយរបាំងថ្មចំនួន ៥កង់ត្រូវបាក់បែកដាច់ចេញពីគ្នារងការខូចខាត ដោយឡែករថយន្តបង្កត្រូវផ្ទុះពោងសុវត្ថិភាព រងការខូចខាតយ៉ាងដំណំ មិនអាចបន្តដំណើរទៅមុខបានទៀតផងដែរ ចំណែកម្ចាស់រថយន្តបង្ក បានបើកទ្វារចេញមកក្រៅ រួចរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តចោល នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញ ចុះអន្តរាគមន៍ធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕