រាជធានីភ្នំពេញ ៖ បើយោងតាមគេហទំព័រឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលបានដកស្រង់ទិន្នន័យរបស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ជារៀងរាល់ឆ្នាំកម្ពុជា បានចំណាយថវិការប្រមាណជា ៣០០លានដុល្លារអាមេរិក ក្នុងការនាំចូលបន្លែ ផ្លែឈើ និងត្រី សាច់ពីប្រទេសក្រៅខណៈដែលកំណើនប្រជាជន មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
គួរជម្រាបផងដែរថា ផ្ទៃដីដាំបន្លែនៅកម្ពុជាមានត្រឹមតែ៥៥០០០ហិកតាប៉ុណ្ណោះ បើធៀបនឹងផ្ទៃដីកសិកម្មសរុបរបស់កម្ពុជា មានរង្វង់៣លានហិកតា ហើយបរិមាណបន្លែដែលដាំបានមានចំនួនត្រឹមតែ៤០ម៉ឺនតោន និងមានកសិករដាំបន្លែប្រមាណតែ៥ម៉ឺននាក់ប៉ុណ្ណោះ ក្នុងចំណោមកសិករសរុបជាង៣លាននាក់។ ចំណែកការចិញ្ចឹមសត្វវិញ កម្ពុជាមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការ នាពេលបច្ចុប្បន្នបាននៅឡើយទេ។
ទាក់ទិននឹងបាតុភាពនេះដែរ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានឲ្យដឹងថា ជាការពិតណាស់បន្លែ ផ្លែឈើ ត្រី សាច់នាំចូលពីប្រទេសជិតខាងភាគច្រើន គឺពោរពេញទៅដោយជាតិគីមី ព្រោះគេប្រើជាតិគីមីនេះ ដើម្បីរក្សានៅពណ៌សម្បុរ និងអាចរក្សាទុកបានក្នុងរយៈពេលយូរ វាច្បាស់ណាស់ថា ពេលដែលប្រជាពលរដ្ឋយើងបរិភោគអាហារ ដែលមានជាតិគីមីទៅ វាពិតជាប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង ក៏ប៉ុន្តែមិនដឹងធ្វើម៉េចបើបន្លែ ផ្លែឈើ ត្រី សាច់ក្នុងស្រុកផ្គត់ផ្គង់មិនគ្រប់គ្រាន់។ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី សូមលើកទឹកចិត្ត នឹងគាំទ្រជាខ្លាំង ចំពោះការចែកចាយ ឬទទួលលក់កសិផល ដែលផលិតបានក្នុងស្រុក ព្រោះបន្លែ ផ្លែឈើ ត្រី សាច់ដែលផលិតបានពីធម្មជាតិពិតៗ មិនប៉ះពាល់ដល់សុខភាព ណាមួយទៀត គឺយើងអាចជួយដល់កសិករ ដែលប្រកបមុខរបរកសិកម្មក្នុងស្រុក អាចឈរជើងនៅលើទីផ្សារក្នុងស្រុកបានទៀតផង៕