![]() |
MENU
|
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានអញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មការដាក់ចេញនូវវិធានការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ។
ក្រោយចប់កិច្ចប្រជុំ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំនេះប្រារព្ធធ្វើឡើងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ហើយឆ្នាំនេះ ទូកចូលរួមប្រណាំងសរុបចំនួន២៥៩ (ទូកគូពិសេស៧៦ទូក) ,ទូកអុំ១៧០ទូក (ទូកអុំនារី១ទូក), ទូកចែវ២៦ទូក(ទូកចែវនារី២ទូក), ទូកខ្នាតអន្តរជាតិ៦៣ទូក។ កម្លាំងអុំ និងចែវសរុបមានចំនួន១៤.៦៣០នាក់ (នារី១៦០នាក់) និងកម្លាំងត្រៀម ៣.១៦៣នាក់ (នារី៤៤នាក់)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តថា ឆ្នាំនេះប្រទីបដែលនឹងត្រូវចូលរួមបណ្តែតអបអរសាទរនៅក្នុងព្រះរាជពិធីនេះសរុបចំនួន១៣ រួមមានប្រទីបព្រះបរមរាជវាំង ប្រទីបព្រឹទ្ធសាភា ប្រទីបរដ្ឋសភា ប្រទីបរាជរដ្ឋាភិបាល ប្រទីបក្រសួងយុត្តិធម៌ ប្រទីបក្រសួងការពារជាតិ ប្រទីបក្រសួងមហាផ្ទៃ ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទីបក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្រទីបក្រសួងពាណិជ្ជកម្ម ប្រទីបក្រសួងទេសចរណ៍ ប្រទីបក្រសួងរ៉ែ និងថាមពល និងប្រទីបសាលារាជធានី។ ដោយឡែកទីតាំងសប្បាយរបស់ប្រជាពលរដ្ឋយើងបានរៀបចំចំនួន៥ទីតាំងក្នុងនោះទីតាំងកោះពេជ្រ (៤កន្លែង) ទីតាំងមុខវត្តបទុមវតី ទីតាំងទីលានប្រជាធិបតេយ្យ ទីតាំងរមណីយដ្ឋានវត្តភ្នំ និងមណ្ឌលស្នាក់នៅអ្នកអុំទូក (ទីតាំងក្រុមហ៊ុនOCIC)។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមថា នៅក្នុងព្រះរាជពិធីឆ្នាំនេះប្រើប្រាស់កម្លាំងសរុបចំនួន១០.០៣២នាក់ ក្នុងនោះ នគរបាលជាតិចំនួន៥.០២៨នាក់ បញ្ជាការដ្ឋានអង្គរក្សចំនួន២.១២៧នាក់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន១.១៨០នាក់ បញ្ជាការដ្ឋានកងទ័ពជើងទឹក៣៥០នាក់ នាយកដ្ឋានពិសេសនៃ គ.ជ.ប.ភ ចំនួន១២៨នាក់ ក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃចំនួន៣៦នាក់ បញ្ជាការដ្ឋានយោធភូមិភាគពិសេសចំនួន១០០នាក់ និងក្រសួងសុខាភិបាលចំនួន៣៨៣នាក់។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្ថែមទៀតថា សម្រាប់ឆ្នាំនេះយើងនឹងមានវិធានការបន្ថែមដូចជា ឲ្យមន្ត្រីសុខាភិបាលចុះល្បាតតាមកន្លែងផ្សេងៗដើម្បីឲ្យប្រជាពលរដ្ឋបានឃើញនៅពេលពួកគាត់មានអាការៈមិនស្រួលខ្លួនល្មមៗអាចប្រាប់ទៅដល់មន្ត្រីសុខាភិបាលមិនចាំបាច់ដល់ពួកគាត់ដួលសន្លប់ហើយបានដើររកពេទ្យនោះទេ។ បន្ថែមពីលើនេះយើងបានឲ្យមន្ត្រីនគរបាលបន្លត់អគ្គិភ័យដើរចល័តដូចគ្នាដើម្បីពិនិត្យកន្លែងលក់ដូរផ្សេងៗលើលក្ខណៈបច្ចេកទេសដើម្បីការពារក្រែងលោមានកើតអគ្គិភ័យ និងអប់រំពួកគាត់ឲ្យយល់ដឹងពីវិធីបង្ការដើម្បីបញ្ជៀសអគ្គិភ័យ និងវិធីពន្លត់អគ្គិភ័យនៅពេលដែលវាកើតឡើង។
ក្រៅពីវិធានការនេះយើងក៏មានការបង្ហោះរូបភាពមុខសញ្ញាចោរលួច ចោរឆក់ ឬ ឆបោកផ្សេងៗតាមបណ្តាញសង្គមហ្វេកបុកពីព្រោះថាប្រជាពលរដ្ឋឥឡូវគាត់ឆ្លាតណាស់គាត់មានទូរស័ព្ទស្មាតហ្វូននៅជាប់ដៃគឺពួកគាត់អាចឆែកមើលឃើញរួចហើយមានការប្រុងប្រយ័ត្ន និងអាចរាយការណ៍មកសមត្ថកិច្ចពេលជួបមុខជនសង្ស័យដែលបានមើលឃើញតាមហ្វេសបុក។
ជាមួយគ្នានោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ បានសុំការយោគយល់ និងការអធ្យាស្រ័យពីប្រជាពលរដ្ឋចំពោះការបិទផ្លូវមួយចំនួន ជាពិសេសអ្នកកដែលរស់នៅក្នុងតំបន់ប្រារព្ធពិធីយើងមិនចង់បិតនោះទេ ប៉ុន្តែចាំបាច់ត្រូវតែបិតដើម្បីពង្រួញភូមិសាស្ត្រឲ្យតូចបំផុត ។ ការបិតផ្លូវនេះមូលហេតុមិនឲ្យមានមធ្យោបាយធ្វើដំណើរដើម្បីឲ្យប្រជាពលរដ្ឋថ្វើរជើងកម្សាន្តសប្បាយក្នុងពិធី បើមិនបិតទេ ឡាន ម៉ូតូ ស្ទះ ពេញមិនអាចចរាចរណ៍បានតាមការប៉ាន់ស្មានគឺនឹងអាចមានប្រជាពលរដ្ឋជាង២លាននាក់ចូលរួមក្នុងព្រះរាជពិធីនេះ គ្រាន់តែមនុស្សវាស្ទះបាត់ទៅហើយចុះទម្រាំឲ្យម៉ូតូ ឡានធ្វើចរាចរណ៍តើវាទៅជាយ៉ាងណា? បន្ថែមពីលើនេះក៏សូមឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នដោយខ្លួនឯងផងដែរនៅទ្រព្យសម្បត្តិផ្ទាល់ខ្លួន ឬ របស់របរផ្សេងៗទៀតព្រោះថាទោះបីជាមានវិធានការឬកម្លាំងអនុវត្តម៉តចត់យ៉ាងណាក៏ដោយក៏យើងមិនអាចការពារអស់ដែរ សមត្ថកិច្ចម្នាក់មិនអាចការពារពលរដ្ឋម្នាក់បានទេ ដូច្នេះទាមទារឲ្យមានការសហការក្នុងន័យនេះពលរដ្ឋម្នាក់អាចក្លាយទៅជាសមត្ថកិច្ចម្នាក់គឺអាចការពារខ្លួនឯង និងផ្តល់ព័ត៌មានមកកម្លាំងសមត្ថកិច្ច។
នៅក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ បានមានប្រសាសន៍ណែនាំដល់កម្លាំងគ្រប់ផ្នែក និងសមត្ថកិច្ចទទួលខុសត្រូវៗសហការគ្នាឲ្យបានល្អដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅក្នុងព្រះរាជពិធីនេះប្រកបដោយ សន្តិសុខ សុវត្ថិភាពល្អ មិនមានអំពើឆក់ប្លន់ឬអំពើហិង្សាកើតឡើងជាដាច់ខាត ៕ ប្រភពពី អគ្គស្នងការនគរបាលជាតិ