![]() |
MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលក្រសួងពាណិជ្ជកម្ម បាននៅថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១៦អញ្ជើញជាអធិបតីក្នុងវគ្គផ្តាច់ព្រ័ត្រ លើការធ្វើបទបង្ហាញពីគំនិតអាជីវកម្មទៅកាន់វិនិយោគិន ក្នុងកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubator ដែលជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួងពាណិជ្ជកម្ម មានគោលបំណងផ្តល់ការអប់រំ និងលើកទឹកចិត្តដល់ការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងរបស់សហគ្រិន តាមរយៈការបណ្តុះបណ្តាល និងប្រឹក្សាយោបល់។
យោងតាមព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមរបស់ក្រសួងពាណិជ្ជកម្នឲ្យដឹងថាកម្មវិធីអ៊ិមអូស៊ី ១០១ Incubatorនាំមកនូវចំណេះដឹងថ្មីៗជូនដល់សហគ្រិនកម្ពុជាពី របៀបរៀបចំលក់ផលិតផលនិងពង្រីកអាជីវកម្មថ្មីឬអាជីវកម្មដែលមានស្រាប់សម្រាប់វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងវេទិកាលក់ទំនិញក្នុងពេលអនាគត។
ក្រសួងពាណិជ្ជកម្មនៅទីស្តីការក្រសួងពាណិជ្ជកម្មក្នុងរាជធានីភ្នំពេញកម្មវិធីនេះរៀបចំឡើងដើម្បីកសាងសមត្ថភាពអាជីវករ ពាណិជ្ជករ តាមរយៈការផ្តល់នូវគោលគំនិតល្អៗសំខាន់ៗ ទៅលើការចាប់ផ្តើមអាជីវកម្មដំបូង និងអាជីវកម្មដែលមានស្រាប់ តាមការបណ្តុះបណ្តាល និងហ្វឹកហ្វឺនផ្សេងៗ។
ក្រសួពាណិជ្ជកម្មបានអះអាងថាកម្មវិធីនេះចែកចេញជាបួនដំណាក់កាលរួមមាន៖ វគ្គចាប់ផ្តើមដំបូង (Boot Camp) វគ្គបណ្តុះបណ្តាលភ្ញាស់គំនិតអាជីវកម្ម (Incubation) វគ្គការផ្សព្វផ្សាយនៅលើទីផ្សារ (Market Day) និងវគ្គផ្តាច់ព្រ័ត្រ (Final Pitch) ផ្តល់ចំណេះដឹងកាន់តែស៊ីជម្រៅអំពីសារសំខាន់នៃការបង្ហាញគំនិតអាជីវកម្មទៅទៅសហគ្រិនការកសាងផែនការអាជីវកម្មដ៏រឹងមាំក្នុងក្របខណ្ឌការងារដើម្បីវាយតម្លៃលទ្ធភាពជោគជ័យរយៈពេលវែង របៀបស្វែងរកមូលនិធិគាំទ្រគម្រោងអាជីវកម្ម វិធីស្វែងរកទីផ្សារតាមប្រព័ន្ធអនឡាញ និងកត្តាដទៃទៀតជំរុញឲ្យការចាប់ផ្ដើមអាជីវកម្មមួយទទួលបានជោគជ័យនៅក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
សហគ្រិនដែលជាបេក្ខជនចំនួន ៨៩ក្រុម ក្នុងចំណោម ១៤៥ក្រុម ពីវគ្គ Boot Camp ទាំងបួនផ្នែក រួមមាន៖ "សហគ្រិនដែលមានគំនិតច្នៃប្រឌិត សហគ្រិនផ្នែកកសិកម្មសហគ្រិនផ្នែកអាជីវកម្មទូទៅ" និង "សហគ្រិនផ្នែកបច្ចេកវិទ្យា" ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនភ្ញាស់គំនិតផ្នែកអាជីវកម្ម។ វគ្គបណ្តុះបណ្តាលដែលមាន ៦ប្រធានបទនេះ ត្រូវបានបង្រៀនដោយបណ្តាសហគ្រិនជោគជ័យបំផុតរបស់កម្ពុជា រយៈពេលពីរខែ។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថាសហគ្រិនចំនួន៤៥ក្រុម ដែលបានឆ្លងកាត់ការបណ្តុះបណ្តាលខាងលើដោយជោគជ័យ ត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែងវគ្គផ្សព្វផ្សាយទីផ្សារ ដោយដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនរៀងៗខ្លួន នាឱកាសនៃកម្មវិធីតាំងពិព័រណ៌ ភូមិមួយផលិតផលមួយ កាលពីចុងឆ្នាំ២០១៥។
នៅក្នុងកម្មវិធីធ្វើបទបង្ហាញចុងក្រោយ ១៧ក្រុមបេក្ខជនឆ្នើមជាងគេ នឹងមានរយៈពេល១០នាទី ជាឱកាសធ្វើបទបង្ហាញចំពោះមុខបណ្តាវិនិយោគិនដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការប្រកួតប្រជែង ធ្វើយ៉ាងណាទាក់ទាញដល់វិនិយោគិនទាំងនោះឲ្យផ្តល់ការសហការគាំទ្រធ្វើពាណិជ្ជកម្ម និងផ្តល់នូវមូលនិធិហិរញ្ញប្បទានដល់ពួកគេ។ ក្រុមបេក្ខជននីមួយៗ អាចស្វែងរកឱកាសក្នុងការបង្កើតទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម នៅក្នុងអំឡុងពេលសម្រាកញុំាអាហារសម្រន់ ដែលមានការចូលរួមពីអាជីវករ និងពាណិជ្ជកម្ម ប្រមាណជាង១០០នាក់ផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់គណៈវិនិច្ឆ័យ គ្រូបង្គោលផ្តល់ប្រឹក្សា គ្រូបង្រៀន អ្នកចូលរួម និងអ្នកចាត់ចែងកម្មវិធី ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការធ្វើឲ្យកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubatorនេះ ទទួលបានជោគជ័យ ។
ឯកឧត្តមទេសរដ្ឋមន្ត្រីសង្ឃឹមថា៖ អ្នកចូលរួមទាំងអស់ ដែលបានឈានដល់ដំណាក់កាលនៃការធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃនេះនឹងបានសិក្សាជំនាញដែលចាំបាច់ដើម្បី ទាក់ទាញវិនិយោគិនក្នុងការជួយឲ្យពួកគេចាប់ផ្តើមដំណើរការអាជីវកម្មដំបូង និងពង្រីកអាជីវកម្មរបស់ខ្លួន។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងប្រាប់ក្រុមដែលចូលរួមផងដែរថា៖ ក្រសួងប្តេជ្ញាធ្វើយ៉ាងណាឲ្យច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនេះត្រូវបានអនុម័តនៅក្នុងឆ្នាំនេះ ដើម្បីគាំទ្រដល់អាជីវកម្មរបស់ពួកគេ៕