![]() |
MENU
|
រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៦បានថ្លែងជាសាធារណៈដោយបានអំពាវនាវអោយប្រជាកសិករយោគយល់ចំពោះស្ថានភាពតម្លៃស្រូវដែលបានធ្លាក់ចុះមិនថាតែនៅកម្ពុជាទេ ព្រោះនេះគឺបញ្ហាវិបត្តិសេដ្ឋកិច្ចសាកលហើយក៏មិនត្រឹមតែផលិតផលស្រូវទេ គឺរួមទាំង កៅស៊ូ និងប្រេងជាដើម។
ការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាពេលអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបញ្ញាជាតិដែលត្រូវទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញា បត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុបទាំងអស់ចំនួន ១៣៦២នាក់ ។
សម្តេចតេជោបានមានប្រសាសន៍ថាចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះដែលជាកង្វល់របស់ប្រជាកសិករយើង គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានត្រៀមថវិកា ២០លានដុល្លារ បូកនឹងថវិកាធនាគារអភិវឌ្ឍន៍ជនបទ៧លានដុល្លារទៀត ដើម្បីជួយទ្រទ្រង់តម្លៃស្រូវឡើងវិញ។
សម្តេចតេជោសូមអោយអាជ្ញាធរទប់ស្កាត់កុំអោយឈ្មួញខិលខូចបង្អាប់ទម្លាក់តម្លៃស្រូវកសិករ។ “បញ្ហាតម្លៃស្រូវ” គឺជាដំណោះស្រាយអាទិភាពដែលរាជរដ្ឋាភិបាលកំពុងផ្តោតយកចិត្តទុកដាក់។
សម្តេចតេជោ បានអំពាវនាវអោយវិស័យឯកជនចូលរួមបង្កើនការវិនិយោគលើការកែឆ្នៃស្រូវអោយទៅជាអង្ករ ដែលយើងចំណេញទាំងកញ្ចុងអង្ករ អង្កាម និងកន្ទក់ជាដើម។ មន្រ្តីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជាកំពុងពិគ្រោះពិភាក្សាជាមួយភាគីមិត្តចិនលើ តម្រូវការថវិកា ៣០០ លានដុល្លារដើម្បីសាងសង់ឡសម្ងួត រោងម៉ាស៊ីនកិនស្រូវ និងឃ្លាំងស្តុកស្រូវជាដើម។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃអាទិត្យទី១៨ខែកញ្ញាឆ្នាំ២០១៦ម្សិលម៉ិញនេះកសិករនៅឃុំកំពង់ព្រៃស្រុកសង្កែខេត្តបាត់ដំបងរាប់រយនាក់ដឹកស្រូវមកលើផ្លូវជាតិលេខ៥ដោយតវ៉ាទាមទារអោយដំឡើង ថ្លៃស្រូវនិងបានបិទផ្លូវជាតិនាំកកស្ទះជិត១៥គីឡូម៉ែត្រ។កសិករតវ៉ាបានអោយដឹងឈ្មួញដើរទិញស្រូវមូយគីឡូតែ៥០០រៀលតែប៉ុណ្ណោះថោកណាស់។កសិករស្នើសុំអោយរដ្ឋាភិបាលជួយពូកគាត់ផងគាត់ចំណាយលើការដំាដុះអស់ប្រាក់និងថ្លៃពលកម្មច្រើនណាស់ដល់បានផលគេមិនទិញនិងទិញក្នុងតម្លៃថោក។
ប្រជាកសិករជាច្រើនបាននាំគ្នាបើកគោយន្តមកឈប់បិទកំណាត់ផ្លូវជាតិលេខ៥ មុខសាលា ឃុំកំពង់ព្រៃ ស្រុកសង្កែ ក្នុងបំណងដើម្បីធ្វើការតវ៉ាពីការធ្លាក់ចុះនៃតម្លៃស្រូវ និងសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ឋ ។ ការតវ៉ានេះ បណ្តាលឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចំណុចកើតហេតុ និងតំបន់ក្បែរៗនោះ ៕