![]() |
MENU
|
រាជធានីភ្នំពេញ៖ កម្ពុជានឹងនាំផ្លែស្វាយស្រស់ពី៧ពាន់តោនទៅ១ម៉ឺនតោនយ៉ាងតិចទៅកាន់ទីផ្សារសាធារណៈរដ្ឋកូរ៉េ និងទីផ្សារពិភពលោកដទៃទៀតនៅក្នុងអំឡុងត្រីមាសទី៤ឆ្នាំ២០១៧ខាងមុខនេះ ។
លោក ម៉ៅ គន្ធពិសី ប្រធានក្រុមហ៊ុនម៉ៅលីហ្គើស៊ី បានថ្លែងនៅក្នុងពិធីចុះហត្ថលេខា មួយក្រុមហ៊ុនហ៊ីយុនដាយឥណ្ឌូឆាយណា លើកិច្ចសហប្រតិបត្តិការអាជីវកម្មនាំផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េជានៅល្ងាចថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៦នេះនាសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាថា “ជំហានដំបូងយើងគ្រោងនាំផ្លែស្វាយស្រស់ពី៧ពាន់តោន ទៅ១ម៉ឺនតោនទៅកាន់ប្រទេសកូរ៉េនៅចុងឆ្នាំក្រោយ។ ការនាំស្វាយចេញទៅប្រទេសកូរ៉េនិងប្រទេសមួយចំនួនទៀតនៅលើពិភពលោកគឺទាមទានូវមានគុណភាពសុវត្ថិភាពនិងភាពស្រស់ ជាចម្បងដូច្នេះក្រុមហ៊ុនយើងទាំង២បានសហការគ្នានាំចូលនូវម៉ាស៊ីនលាងសម្លាប់មេរោគនិងរៀបចំទុកដាក់វេចខ្ចប់ដោយរក្សាក្នុងសីតុណ្ហភាពត្រជាក់ល្អមុនពេលនាំចេញទៅបរទេសហើយដើម្បីរក្សាភាពស្រស់និងគុណភាពឆ្ងាញ់របស់ផ្លែស្វាយកម្ពុជាក្រុមហ៊ុននឹងដឹកជញ្ជូនយកទៅលក់តាមជើងយន្តហោះ”។
លោក គន្ធពិសី បញ្ជាក់ថា តទៅនេះក្រុមហ៊ុននឹងសហការជាមួយប្រជាកសិករដោយពន្យល់ណែនាំឱ្យពួកគាត់ដាំស្វាយ ឬកសិផលផ្សេងៗទៀតប្រើប្រាស់តែជីសរីរាង្គមិនប្រើប្រាស់ជីគីមីដើម្បីធានាគុណភាពក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុនបានពិគ្រោះគ្នាក្នុងការកំណត់តម្លៃស្វាយឱ្យបានថេរជៀសវាងការឡើងចុះតាមទីផ្សារនិងការបន្ទាបតម្លៃពីឈ្មួញកណ្តាលបន្ទាប់ពីឆ្នាំ២០១៧ទៅក្រុមហ៊ុននឹងកំណត់តម្លៃផ្លែស្វាយជាថ្មីថាលេខមួយថ្លៃប៉ុន្មានលេខ២ប៉ុន្មាន ប៉ុន្តែយ៉ាងណាតម្លៃមិនអាចថោកជាង២០០០រៀលក្នុង១គីឡូក្រាមនោះទេបើកសិករគោរពតាមការណែនាំនិងស្តង់ដានាំចេញ។
តពីនេះទៅក្រុមហ៊ុនលោកនឹងជួយកសិករលើបច្ចេកទេសដាំដុះណែនាំពីការប្រើប្រាស់ជីធម្មជាតិដែលល្អឬអាចជួយជាកូនស្វាយឱ្យគាត់ដាំពិសេសបញ្ចប់ការប្រើប្រាស់ជីគីមីដើម្បីធានាសម្រាប់ការនាំចេញហើយក្រុមហ៊ុនក៏មិនទិញចំពោះកសិផលណាដែលប្រើគីមីនោះទេ។
លោកបញ្ជាក់ទៀតថា ជំហានដំបូងក្រុមហ៊ុនគ្រោងនាំផ្លែស្វាយទៅទីផ្សារកូរ៉េចំនួន៤ប្រភេទទី១ស្វាយកែវរមៀត ដោយជ្រើសរើសយកស្វាយដែលដាំនៅខេត្តកំពង់ស្ពឺជាគោលដៅនាំចេញ ទី២ស្វាយប៉ោម ទី៣ស្វាយខុសរដូវ និងទី៤ស្វាយកែវចិន ឬអាចនឹងលាយប្រភេទស្វាយផ្សេងៗទៀតផងដែរ។
ទាក់ទិនដល់ការនាំចេញនេះលោក CHUNG MONGHYUCK អគ្គនាយកក្រុមហ៊ុនហ៊ីយុនដាយអះអាងថាការចាប់ដៃគ្នានេះពិតជាល្អ ស្របតាមការចង់បានរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជា ពិសេសតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
ម៉្យាងកម្ពុជា ជាប្រទេសមានសក្កដានុពលគ្មានដែនកំណត់ សំបូរទៅដោយធនធានធម្មជាតិ និងដើរតួនាទីសំខាន់ក្នុងវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ានផងដែរ ហើយកម្ពុជាមានកំណើនសេដ្ឋកិច្ចយ៉ាងលឿន និងក្នុងរង្វង់៧%ជារាងរាល់ឆ្នាំ ធ្វើឱ្យអ្នកវិនិយោគមានជំនឿចិត្តនិងភាពកក់ក្តៅលើមុខជំនួញ។ក្រៅពីនេះកម្ពុជាមានលទ្ធភាពខ្ពស់លើការអភិវឌ្ឍន៍វិស័យកសិកម្ម ការបង្កើនទិន្នផល និងការបង្កើនគុណភាពកសិផលធ្វើឱ្យការនាំចេញមានដំណើរការល្អនិងជួយលើកកម្ពស់សេដ្ឋកិច្ចជាតិបន្ថែមទៀត។
លោក គិម វ័នជីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា បានបង្ហាញពីការបន្តជម្រុញ ការនាំចូលនូវកសិផលដែលមានគុណភាពពីកម្ពុជាទៅកូរ៉េឱ្យបានកាន់តែច្រើនថែមទៀត ពិសេសជួយបណ្តុះបណ្តាលកសិករកម្ពុជាមានជំនាញលើវិស័យកសិកម្ម ដើម្បីឈានមុខគេក្នុងការនាំចេញក៏ដូចជាជម្រុញឱ្យអ្នកវិនិយោគកូរ៉េបន្តមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត៕