![]() |
MENU
|
រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៧បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅចូលរួម ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន “គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” ជាមួយ មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (International Fund for Agricultural Development - IFAD) នៅទីស្នាក់ការកណ្តាលរបស់ IFAD នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ។
ពិធីចុះហត្ថលេខានេះ គ្រោងប្រព្រឹត្តធ្វើនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ ។កិច្ចព្រមព្រៀងឥណទានសម្បទាននេះ នឹងត្រូវចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយឯកឧត្តម Gilbert Fossoun Houngbo ប្រធាន IFAD មានទឹកប្រាក់ចំនួន ៣៦,៣០ លានដុល្លារអាមេរិក សម្រាប់ជាឥណទានរួមចំណែកគាំទ្រអនុវត្ត “គម្រោងជំរុញទី ផ្សារសម្រាប់កសិកម្មខ្នាតតូច” ដែលគម្រោងត្រូវការទឹកប្រាក់សរុបចំនួនប្រមាណ ៦១,៦៥ លានដុល្លារអាមេរិក ។
គម្រោងនឹងត្រូវដឹកនាំអនុវត្តដោយក្រសួងពាណិជ្ជកម្ម ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍជនបទ និងមានរយៈពេលអនុវត្តចំនួន ០៦ ឆ្នាំ ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២២ ។
ក្រៅពីហិរញ្ញប្បទានដោយ IFAD, គម្រោងនេះ នឹងត្រូវចូលរួមសហហិរញ្ញប្បទានដោយអ្នកទទួលផល និងដៃគូក្នុងវិស័យឯកជន មានទឹកប្រាក់ចំនួនប្រមាណ ១៦,៧០ លានដុល្លារអាមេរិក និងដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួនប្រមាណ ៨,៦៥ លាន ដុល្លារអាមេរិក ។
“គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច” មានគោលដៅចូលរួមលើកកម្ពស់ជីវភាពកសិករខ្នាតតូចឱ្យ ទទួលបានផលចំណេញខ្ពស់ពីការធ្វើកសិកម្ម តាមរយៈការចូលធ្វើអន្តរាគមជំនះដោះស្រាយរាល់បញ្ហាប្រឈមក្នុង វិស័យកសិកម្ម ទាំងនៅក្នុងដំណាក់កាលខ្សែសង្វាក់ផលិតកម្ម, ទាំងក្នុងការធ្វើកសិពាណិជ្ជកម្ម, និងជាពិសេស ការ ជំរុញតភ្ជាប់ឱ្យដល់ទីផ្សារកសិកម្ម ។ ក្នុងជំហានដំបូង គម្រោងនឹងផ្តោតលើមុខទំនិញចំនួន ៥ មុខ រួមមាន៖ ស្រូវ, បន្លែ, មាន់ចិញ្ចឹមលក្ខណៈគ្រួសារ, ដំឡូង និងសូត្រ ។
គម្រោងនេះ នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់កសិករ ក្រីក្រ ចំនួនប្រមាណ ៧៥ ០០០ គ្រួសារ ក្នុងខេត្តចំនួន ១៥ រួមមាន៖ ខេត្តកំពត, តាកែវ, កណ្តាល, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ចាម, កំពង់ធំ, ក្រចេះ, រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ, សៀមរាប, បន្ទាយមានជ័យ, បាត់ដំបង និង ប៉ៃលិន ។ គម្រោងនឹងពិនិត្យលទ្ធភាពពង្រីកមុខទំនិញនៅជំហានបន្តបន្ទាប់ទៀត តាមតម្រូវការជាក់ស្តែង ។