![]() |
MENU
|
រាជធានីភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូបារាំងបានឲ្យដឹងថាប្រទេសបារាំងគ្រោងផ្តល់ជំនួយអភិរឌ្ឍន៍១៥៤លានអឺរ៉ូដល់កម្ពុជាសម្រាប់ឆ្នាំ២០១៦-២០១៧ដោយសារកំនើននៃហិរញ្ញប្បទានផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រទេសបារាំងបានក្លាយទៅជាដៃគូឈានមុខមួយក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។សម្រាប់ឆ្នាំ២០១៦-២០១៧ប្រទសបារាំងមានគម្រោងផ្តល់ហិរញ្ញប្បទានចំនួន១៥៤លានអឺរ៉ូដល់កម្ពុជា។
ស្ថានទូតបារាំងបានបញ្ជាក់ថាកាលពីថ្ងៃទី២៣មីនាកន្លងទៅ ស្ថានទូតបារាំងបានរៀបចំសន្និសីទមួយស្តីពីការវិវឌ្ឍន៍នៃកិច្ចសហ ប្រតិបត្តិការបារាំងនៅកម្ពុជា ។ស្ថាប័នដៃគូរបស់ស្ថានទូតនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំងអ្នកជំនាញបច្ចេកទេសបារាំងនៅតាមស្ថាប័ននានារបស់កម្ពុជា ឬនៅតាមមជ្ឈមណ្ឌលស្រាវជ្រាវបារាំងនៅកម្ពុជារួមទាំងតំណាងអង្គការក្រៅរដ្ឋាភិបាលកម្ពុជានិងបារាំង ក៏បានចូលរួមនៅក្នុង សន្និសីទ នេះផងដែរ។
ស្ថានទូតបារាំងបានលើកឡើងថា៖ប្រទេសបារាំងគឺជាដៃគូផ្តល់ជំនួយទ្វេភាគីសំខាន់មួយនៅកម្ពុជាដោយមានគម្រោងផ្តល់ជំនួយប្រមាណ១៥៤លានអឺរ៉ូសម្រាប់ឆ្នាំ២០១៦-២០១៧។ វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការត្រូវបានកំណត់នៅក្នុងឯកសារតម្រង់ទិសភាពជាដៃគូបារាំង-កម្ពុជា ដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៥ ដោយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវអានីកហ្ស៊ីរ៉ាដាំង រដ្ឋលេខាធិការបារាំងទទួលបន្ទុកអភិវឌ្ឍន៍និងហ្រ្វង់កូហ្វូនី។
ចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការនេះក៏ស្របទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ជំនួយរបស់បារាំងផ្តោតលើវិស័យសំខាន់ពីរ ដែលស្ថិតនៅក្នុងចំណោមអាទិភាពនៃការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺវិស័យសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងន័យនេះ ប្រទេសបារាំងបានផ្តល់ហិរញ្ញវត្ថុដល់គម្រោងនានាក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (គម្រោងស្តារប្រព័ន្ធស្រោចស្រពលើផ្ទៃដី៥០ ០០០ហិចតា) និងហេដ្ឋារចនាសម្ព័ន្ធជនបទ/ទីក្រុង (ក្នុងនោះមានការជួសជុលផ្លូវជនបទប្រវែង១ ២០០គីឡូម៉ែត្រ ការជួសជុលផ្សារធំថ្មី ការសាងសង់ស្ថានីយ៍ចម្រោះទឹកស្អាតជ្រោយចង្វារនិងនិរោធ និងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងសាងសង់ខ្សែរកាបបញ្ជូនអគ្គិសនីដើម្បីពង្រឹងបណ្តាញជាតិ)។
ប្រទេសបារាំងក៏បានគាំទ្រផងដែរដល់គម្រោងទទួលបានហិរញ្ញវត្ថុនៅតាមទីជនបទ តាមរយ:គម្រោងអគ្គិសនីកម្មជនបទ ទឹកស្អាត ការគាំទ្រដល់ធនាគារអភិវឌ្ឍន៍ជនបទ និងមីក្រូហិរញ្ញវត្ថុបៃតង។ម៉្យាងវិញទៀត ប្រទេសបារាំងបានរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សដែលកម្ពុជាកំពុងត្រូវការចាំបាច់ តាមរយ:ការគាំទ្រដល់ការបណ្តុះបណ្តាលផ្នែកឧត្តមសិក្សានិងការស្រាវជ្រាវនិងការបណ្តុះបណ្តាលវិជ្ជាជីវៈ (ជាពិសេសក្នុងវិស័យទេសចរណ៍និងវាយនភ័ណ្ឌ)។
ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានលើកឡើងថា៖ជាក់ស្តែង និស្សិតកម្ពុជា៧ ០០០នាក់បានចុះឈ្មោះសិក្សាថ្នាក់ពិសេសជាភាសាបារាំងនៅតាមសាកលវិទ្យាល័យនានាលើផ្នែកនីតិសាស្រ្ត សេដ្ឋកិច្ច វិទ្យាសាស្រ្តវិស្វករ និងវេជ្ជសាស្រ្ត ខណ:ដែលនិស្សិតកម្ពុជាជិត៥០០នាក់ទៀតកំពុងតែបន្តការសិក្សានៅតាមសាកលវិទ្យាល័យបារាំង ក្នុងនោះនិស្សិតជិត១០០នាក់ទទួលបានអាហារូបករណ៍ផ្តល់ដោយរដ្ឋាភិបាលបារាំង ឬស្ថាប័នដៃគូបារាំង ដូចជាសហគមន៍អឺរ៉ុប និងទីភ្នាក់ងារសាកលវិទ្យាល័យនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង។
ក្រៅពីនេះ មានវិស័យពីរទៀតដែលបន្តទទួលបានការយកចិត្តទុកដាក់ពិសេសពីប្រទេសបារាំងគឺវិស័យវប្បធម៌និងបេតិកភណ្ឌ ហើយនិងការបណ្តុះបណ្តាលកងទ័ពមួកខៀវកម្ពុជា។ ក្នុងន័យនេះបារាំងបន្តការងារ អភិរក្ស និងជួសជុលបេតិកភណ្ឌអង្គរ (បច្ចុប្បន្នបារាំងកំពុងជួសជុលប្រាសាទមេបុណ្យ។
បន្ទាប់ពីជួសជុលប្រាសាទបាពួននៅឆ្នាំ២០១១និងធ្វើជាសហប្រធាន ICCអង្គរ)និងការផ្លាស់ប្តូរវប្បធម៌និងភាសាតាមរយៈព្រឹត្តិការណ៍នានារៀបចំឡើងដោយវិទ្យាស្ថានបារាំងនៅកម្ពុជាដូចជាមហោស្រពសិល្បៈទីក្រុងនៅភ្នំពេញ ឬការបង្កើតទស្សនីយភាពថ្មីៗដោយមានការចូលរួមពីសិល្បករកម្ពុជា និងបារាំង។ ទន្ទឹមនឹងនេះដែរ បារាំងបន្តការគាំទ្រដល់ការបណ្តុះបណ្តាលកងកម្លាំងមួកខៀវកម្ពុជា ដើម្បីចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តាមរយៈការបណ្តុះបណ្តាលលើការអនុវត្តជាក់ស្តែង និងការបង្រៀនភាសា។
ដើម្បីដាក់អោយដំណើរការគម្រោងអាទិភាពរបស់ខ្លួន ប្រទេសបារាំងអាចពឹងផ្អែកលើតួអង្គសកម្មជាច្រើននៅកម្ពុជា ជាអាទិ៍: មជ្ឈមណ្ឌលស្រាវជ្រាវដូចជាវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានិងសាលាបារាំងចុងបូព៌ា សហគមន៍ មូលដ្ឋានបារាំង និងអ្នកស្ម័គ្រចិត្តបារាំងជាច្រើន(ប្រហែល៥០០នាក់ក្នុងមួយឆ្នាំ)ដែលកំពុងបំពេញការងារនៅតាមអង្គការក្រៅរដ្ឋាភិបាលបារាំងនិងកម្ពុជា។ ស្ថាប័ននិងអ្នកស្ម័គ្រចិត្តទាំងនេះកំពុងផ្តល់សេវា និងជំនាញដល់ប្រជាជនតាមមូលដ្ឋានជារៀងរាល់ថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបានបញ្ជាក់ថា៖ជារួមប្រទេសបារាំងគឺជាដៃគូសំខាន់ឈានមុខមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ទាំងលើផ្នែកហិរញ្ញវត្ថុ (ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងបានសន្យាផ្តល់ជំនួយ៨០លានអឺរ៉ូនៅឆ្នាំ២០១៥សម្រាប់គម្រោងនានានៅកម្ពុជា) និងផ្នែកជំនាញការ។ គួរបញ្ជាក់ថាជំនួយរបស់ប្រទេសបារាំងសម្រាប់អភិវឌ្ឍន៍សាធារណៈនៅតាមប្រទេសនានាជុំវិញពិភពលោកបានកើនឡើងដល់១០,៤ពាន់លានដុល្លារនៅឆ្នាំ២០១៤៕